ប្រសិនបើលោកអ្នកចង់ឱ្យស្បែករបស់ខ្លួនមើលទៅស្រស់ស្អាតគួរជាទីទាក់ទាញ ដោយមិនចាំបាច់ជាវផលិតផលថែរក្សាស្បែក ដែលមានតម្លៃថ្លៃនោះ សូមជ្រើសរើសផ្លែប័រមកធ្វើជាផ្នែកមួយ នៃរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ផ្លែប័រមានជាតិក្រែម រសជាតិឆ្ងាញ់ជាប់មាត់ មានតម្លៃថោកសមរម្យ និងមានសាច់ទន់គួរឱ្យចង់ទទួលទាន។ អ្នកអាចយកផ្លែប័រទៅផ្សំនៅក្នុងអាហារបានជាច្រើនប្រភេទដូចជា Tacos សាឡាដ និងសាំងវីច ប៉ុន្ដែក្នុងករណីអ្នកនឿយណាយក្នុងការទទួលទានវា អ្នកអាចលាបវាដោយផ្ទាល់ទៅលើស្បែករបស់អ្នកដើម្បីឱ្យស្បែកទន់រលោង។
ផ្ទុកប្រភេទខ្លាញ់ល្អចំពោះសុខភាព៖ ផ្លែប័រមានផ្ទុកអាស៊ីដខ្លាញ់ Poly និង monounsaturated ដែលមានប្រសិទ្ធភាពការពារស្បែក។ ខ្លាញ់ប្រភេទ Monounsaturated ជួយរក្សាស្រទាប់ខាងលើនៃស្បែករបស់អ្នកឱ្យមានសំណើម ដូច្នេះស្បែកនឹងមានភាពទន់រលោង និងមើលទៅមានសុខភាពល្អ។ អាស៊ីដខ្លាញ់ Polyunsaturated មានគុណប្រយោជន៍ការពារស្បែកពីការបំផ្លាញ នៃពន្លឺព្រះអាទិត្យ និងការប្រឆាំងនឹងអាការៈប្រតិកម្មស្បែក និងការរលាក នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Linus Pauling នៃសាកលវិទ្យាល័យ Oregon State University។
សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម៖ នៅពេលរាងកាយរបស់អ្នកបំប្លែងអាហារទៅជាថាមពល ឬបញ្ចេញចោលទៅជាកាកសំណល់ រាងកាយរបស់អ្នកបង្កើតបានជារ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីធ្វើឱ្យខូចកោសិការួមទាំងស្បែក។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មរកឃើញនៅក្នុងផ្លែប័រដូចជា carotenoids វីតាមីនE និងវីតាមីនC ជួយការពារប្រឆាំងនឹងការបំផ្លាញនៃរ៉ាឌីកាល់សេរី។ សារធាតុ carotenoid និង Lutein មានប្រសិទ្ធភាពលើកកម្ពស់បិរមាណជាតិទឹក និងភាពរលាស់នៃស្បែក ព្រមទាំងកាត់បន្ថយ ការបំផ្លាញលីពីត ដែលមានប្រយោជន៍ចំពោះស្បែក។ វីតាមីនE មានប្រសិទ្ធភាពការពារស្បែកពីកាំរស្មី UV។ រាងកាយរបស់អ្នកត្រូវការចាំបាច់នូវវីតាមីនC ដើម្បីបង្កើតបានជា Collagen ដែលជាសមាសធាតុមានរចនាសម្ព័ន្ធចំបងនៃស្បែក និងជាប្រភពនៃភាពរលាស់ និងតឹងណែនរបស់ស្បែក។
សារធាតុ Biotin៖ ផ្លែប័រមានផ្ទុក សារធាតុ Biotin ចន្លោះ ២ និង៦មីក្រូក្រាម និងស្របតាមស្តង់ដា នៃការណែនាំពីរបបអាហារ Dietary Reference Intake ចន្លោះ ៦ និង១៦%។ សារធាតុ Biotin គឺជាផ្នែកមួយនៃវីតាមីន B-complex ដែលវីតាមីន B-complex នេះមានសារៈសំខាន់សម្រាប់ធ្វើឱ្យស្បែកមានសុខភាពល្អ នេះបើយោងតាមវិទ្យាស្ថាន Linus Pauling។ ប្រសិនបើមិនមានសារធាតុ Biotin គ្រប់គ្រាន់ទេ ស្បែករបស់អ្នកអាចវិវឌ្ឍន៍ទៅរកសភាពស្ងួត បែកស្រកា និងឡើងកន្ទួលក្រហម។
គុណប្រយោជន៍ស្បែកដទៃទៀត៖ កិនសាច់ប័រឱ្យម៉ត់ និងលាបវាទៅលើរាងកាយរបស់អ្នក។ ទុកវាឱ្យបាន ១០ ទៅ១៥នាទី ហើយបន្ទាប់មកងូតទឹកក្ដៅឧណ្ហៗដើម្បីលាងជម្រះ។ ជាតិប្រេងនឹងជ្រាបចូលក្នុងស្បែក និងធ្វើឱ្យស្បែករបស់អ្នកទន់រលោង។ លាបសាច់ប័រកិនម៉ត់ទៅលើស្បែកមុខរបស់អ្នក ដើម្បីកម្ចាត់ចោលនូវសញ្ញានៃភាពចាស់ ឬលាយផ្លែប័រជាមួយនឹងទឹកឃ្មុំស្រស់ និងទឹកដោះគោជូរដើម្បីចៀសផុតពីកោសិកាស្បែកងាប់ ដើម្បីធ្វើឱ្យស្បែកទន់ម៉ត់រលោង និងក្មេងជាងវ័យ។ ប្រសិនបើអ្នកប៉ះនឹងពន្លឺថ្ងៃយូរ សូមលាបសាច់ផ្លែប័រដោយផ្ទាល់ ទៅលើស្បែក ដែលរងការប៉ះពាល់នោះ ដើម្បីធ្វើឱ្យធូរស្រាលការឈឺចាប់៕