តើអ្នក​ជឿទេ ​គ្រាន់​តែ​បន្លែមាន​ប្រសិទ្ធ​ភាព​ការពារ​ជំងឺ​មហារីក?​

ប្រភេទ​ចំណី​អាហារ​ល្អចំពោះ​សុខភាព​ និងមាន​តុល្យភាព​ត្រឹម​ត្រូវគឺមាន​សារៈ​សំខាន់​សម្រាប់​រាងកាយ​។ ការពិសា​ប្រភេទ​សាច់​ក្រហម​ច្រើន ​មាន​ទំនាក់​ទំនង​ទៅនឹង​ការវិវឌ្ឍន៍​នៃជំងឺ​មហារីក​លំពែង​ មហារីក​ក្រពេញ​ប្រូស្ដាត ​មហារីក​ដោះ​ និងមហារីក​តម្រង​នោម​។ មហារីក​គឺ​ជាជំងឺ​មួយ​ប្រភេទ​  ដោយ​ផ្ដើម​កើត​មាន​ឡើង ​ដោយ​ការលូត​លាស់​មិន​ធម្មតា​នៃកោសិកា ​ដែល​មិនយូរ​ប៉ុន្មាន​វាក៏បំពេញ​មុខងារ​មិន​ល្អដូច​មុន​។ ភាព​មិន​ប្រក្រតី​នេះ​ ជាលទ្ធផល​ធ្វើ​ឱ្យ​ខូចដំណើរ​ការធម្មជាតិ​របស់​រាងកាយ ​ ប៉ះពាល់​ដល់​ប្រតិបត្ដិការ ​នៃសរីរាង្គ​ ឬប្រព័ន្ធ ​ដែល​រងឥទ្ធិពល​ទាំង​នោះ។​ ជំងឺ​មហារីក​គឺជាមូល​ហេតុ​នាំមុខគេ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​នៅក្នុង​ពិភព​លោក ​ហើយ​ត្រូវ​បាន​មនុស្ស​ជឿថា​ មហារីក​នេះបង្ក​ដោយ​មូល​ហេតុជា​ច្រើន​ដូចជា ​កត្ដា​តំណពូជ​ ការឡើង​ចុះនៃ​អ័កម៉ូន ​ការប្រើ​ប្រាស់​ថ្នាំជក់​ កង្វះ​សារធាតុ​ចិញ្ចឹម​ និង​កត្ដា​ផ្លូវ​ចិត្ដ។​




អ្នក​ស្រាវ​ជ្រាវរាប់​លាននាក់ ​ឧទ្ទិស​ខ្លួន​ចំពោះ​អាជីព ​ក្នុងការ​ស្វែង​រកវិធី​សាស្រ្ដ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ ហើយ​ការព្យាបាល​ថ្មីៗត្រូវ​បាន​រកឃើញ​ជារៀង​រាល់ថ្ងៃ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញថា​ សារ​ធាតុចិញ្ចឹម​គ្រប់​គ្រាន់​មាន​ដំណោះ​ស្រាយ​ជាច្រើន​ជាមួយ​នឹង​ការវិវឌ្ឍន៍ ​ការបង្ការ ​និងព្យាបាល​ជំងឺ​មហារីក​។ លើស​ពីនេះ​ទៀត​ ចំណី​អាហារ​មួយចំនួន​ត្រូវបាន​គេរកឃើញថា​ មាន​ផ្ទុកនូវ​គុណ​សម្បត្ដិ​ធម្មជាតិ​ ដែល​ជំនួយ​ដល់​ការព្យាបាល​ជំងឺ​មហារីក​។ ក្នុងចំណោម ​ប្រភេទ​អាហារ​ប្រឆាំង​នឹង​ជំងឺមហារីក​ល្អៗ ​អ្នកអាច​ស្វែង​រកនូវប​ន្លែល្អៗ​ជាច្រើន​ប្រភេទ ​ដែល​សម្បូរ​ទៅដោយ​វីតាមីន សារធាតុ​រ៉ែ ​សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម ​និងសារ​ធាតុ​ល្អៗ​ជា​ច្រើន​ទៀត។​


ការ៉ុត៖ ​គុណ​សម្បត្ដិ​ប្រឆាំងនឹង​ជំងឺ​មហារីក​ នៃមើម​ការ៉ុត​គឺសម្រេច​បាន​មកពី​បណ្ដុំ ​នៃ​សារធាតុ​បេតាការ៉ូទីន​ និង​សារធាតុ Carotenoids របស់​វា ដែល​មិនត្រឹម​តែជា​សារធាតុ​ប្រឆាំង​នឹងអុកស៊ី​ដកម្ម​ដ៏មាន​អំណាច​ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែថែម​ទាំងជំនួយ​ដល់​ការផ្លាស់​ប្ដូរ​កោសិកា​ថ្មីផង​ដែរ។​




ប៉េង​ប៉ោះ​៖ ប៉េង​ប៉ោះឆៅ​មានផ្ទុក​នូវសារ​ធាតុ​ Lycopene ដែល​មិនត្រឹម​តែផ្ដល់ពណ៌​ក្រហម​ដល់​ប៉េងប៉ោះ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​ថែម​ទាំងមាន​គុណ​សម្បត្ដិ​ដ៏អស្ចារ្យ ​ដែល​ជំនួយ​ដល់​ការ​បង្ការជំងឺ​មហារីក​ក្រពេញ​ប្រូសា្ដត​ទៀត​ផង។​ លើស​ពីនេះ​ទៀត ​បណ្ដុំ​នៃវីតាមីនA ​វីតាមីនC និង​វីតា​មីន​E របស់ប៉េង​ប៉ោះ​ និងបរិមាណ​សារធាតុ​ប្រឆាំង​នឹងអុកស៊ី​ដកម្មខ្ពស់​របស់​វាក៏ជំនួយ​ដល់ការ​ការពារ​ជំងឺមហារីក​ប្រភេទ​ដទៃ​ទៀត​ផងដែរ។​




ម្ទេស​ក្រហម៖ ​បន្លែនេះ​គឺត្រូវ​បានមនុស្ស​ដឹងថា​ មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន​ ដែល​រួមទាំង​សារធាតុ​ប្រឆាំង​នឹងជំងឺ​មហារីក​ដ៏មាន​ប្រសិទ្ធភាព​ផងដែរ។​ គុណ​ប្រយោជន៍​ទាំងនេះ​សម្រេច​បានពី​បណ្ដុំ​នៃសារធាតុ ​បេតា​ការ៉ូទីន​ Capsaicin និង​សារធាតុ​ Lycopene របស់វា​។ លើស​ពីនេះ​ទៀត ​ម្ទេស​ក្រហម​នេះ មាន​ផ្ទុកនូវ​វីតាមីនA​ និងវីតា​មីនC ​ដែល​បង្កើត​បានជា​សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ដ៏ប្រសើរ ​នៅពេល​ដែល​លាយជា​មួយសារធាតុ​ធម្មជាតិ​ផ្សេងៗទៀត។​




ខ្ទឹមស​ និងខ្ទឹម​បារាំង​៖ អហារពីរ​ប្រភេទ​នេះ​ ត្រូវ​បាន​មនុស្ស​ដឹងថា​ វាមាន​គុណប្រយោជន៍​បែប​ធម្មជាតិ​ច្រើន​ចំពោះ​សុខភាព​រួម​ទាំងគុណ​សម្បត្ដិ​អង់ទីប៊្យូទីក​ លើកកម្ពស់​ប្រព័ន្ធ​ស៊ាំរបស់​រាងកាយ ​និងជាភ្នាក់​ងារលាង​សម្អាត​សារធាតុ​ពុល​បែប​ធម្មជាតិ​។ បន្លែ​ទាំងពីរ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយជាតិ​ allicin ជា​សមាធាតុ​ម្យ៉ាង ​ដែល​មាន​ផ្ទុក​នូវសារ​ធាតុ​ Sulfur ដែល​ដើរតួ​ជាភ្នាក់​ងារ​លាង​សម្អាត​ថ្លើមតាម​បែប​ធម្មជាតិ ​ដោយ​ជំនួយ​ដល់ការ​កម្ចាត់​ចោល​សារ​ធាតុពុល ​ដែល​កពូននៅ​ក្នុងឈាម ​និងជាលិកា ​និងអាច​បង្កជា​ជំងឺ​មហារីក៕​